ឧកញ៉ា ឡី សុភាព និងសមាគមសហព័ន្ធយុជនសេដ្ឋកិច្ចកម្ពុជា ប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ

(ភ្នំពេញ)៖ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុជនសេដ្ឋកិច្ចកម្ពុជា រួមជាមួយគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលនៃសមាគម បានប្ដេជ្ញាខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលចំនួន៥៧រូប នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ Grand Terrace ខណ្ឌទួលគោក។

ក្នុងសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល ដែលប្រកាសចូលកាន់តំណែងខាងលើនេះ មានសមាសភាពចំនួន៥៧រូប ក្នុងនោះឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន និងមានអនុប្រធាន៣២រូប។

លោក ឡី សុភាព បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារវិស័យនេះ។ លោកថា គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានបង្ហាញគាំទ្រគោលនយោបាយទាំងឡាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ឡី សុភាព បានដាក់ទិសដៅនិងអំពាវនាវដល់គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលទាំង៥៧រូប ត្រូវតែគោរពច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។

លោកប្រធាន ឡី សុភាព បានណែនាំឱ្យគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវមានគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ទាំងកិច្ចការអាជីវកម្ម និងជំនាញបច្ចេកទេសនីមួយៗ ពិសេសត្រូវឧស្សាហ៍ចូលរួមជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងសហការគ្នាធ្វើចលនាឱ្យប្រជាជនមានការគាំទ្រកាន់តែច្រើន និងកាន់តែរឹងមាំ។

លើសពីនេះ លោកបានដាស់តឿនឱ្យគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវមានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង។ ត្រូវមានការបូកសរុបលទ្ធផលការងារ វាយតម្លៃ និងលើកទិសដៅការងារបន្តសម្រាប់ពេលខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *