យុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត

(ភ្នំពេញ)៖ យុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ ស្វ័យនិយោជន៍ និងអ្នកជំនាញវិជ្ជាជីវៈ បានបង្ហាញជំហររបស់ខ្លួនបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាព​នាយករដ្ឋមន្ត្រីនាពេលអនាគត។

ក្នុងនោះយុវជន និងធុរកិច្ចជនទាំងអស់​ក៏បានបង្ហាញនូវការពេញចិត្ត និងនាំគ្នាភ្ជាប់ Channel Telegram សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រប់ៗគ្នាសម្រាប់តាមដានសកម្មភាពការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងព័ត៌មានជាច្រើនទៀត។

ការប្រកាសគាំទ្ររបស់យុវជន និធុរកិច្ចជនសេដ្ឋកិច្ចខាងលើនេះ ធ្វើឡើងក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១ នាថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៣ នាកោះពេជ្រ ក្រោមអធិបតីភាពលោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ។

លោក ឡី សុភាព បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់រយៈពេលវែង ក្នុងនោះកត្តាសុខសន្តិភាព កត្តានយោបាយឈ្នះឈ្នះ មានគោលនយោបាយត្រឹមត្រូវ សមស្រប​ អាចអភិវឌ្ឍប្រទេសបាន។

កត្តាសុខសន្តិភាព និងការរីកចម្រើន​ទាំងគ្រប់វិស័យនេះហើយ ទើបបានជា សមាជិក សមាជិកានៃអង្គវេទិកាទាំងអស់ ជាពិសេសសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងយុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ បានបេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្ត្រីនាពេលអនាគត។

​ជាមួយគ្នានោះបន្ទាប់ពីបានស្តាប់នូវការបកស្រាយ និងយល់ជ្រាប់ពីអត្ថប្រយោជន៍នានាពីសំណាក់លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ជុំវិញការទទួលបានព័ត៌មានជាច្រើនពីប្រមុខថ្នាក់ដឹកនាំ តាមរយៈបណ្តាញសង្គមតេឡេក្រាម ដែលតែងតែបង្ហាញរាល់សកម្មភាព ការអភិវឌ្ឍនានាដល់សាធារណជនហើយនោះ សមាជិកសមាជិកានៃអង្គវេទិកាទាំងមូលបាននាំគ្នាភ្ជាប់តេឡេក្រាមសម្តេចតេជោគ្រប់ៗគ្នាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *