សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ប្រកាសចូលកាន់តំណែងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យនៃសមាគម

(ភ្នំពេញ)៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសចូលកាន់មុខតំណែងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យនៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីរៀបចំការចេញដំណើរក្នុងការចូលរួមអនុវត្តតាមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

គួរជម្រាបថា កម្មវិធីគោលនយោបាយអាទិភាពទាំង៦នោះ រួមមាន៖

ទី១. ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល។
ទី២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។
ទី៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
ទី៤. ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ទី៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។
ទី៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

កម្មវិធីគោលនយោបាយអាទិភាពទាំង៦នេះ ត្រូវបានប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យ និងសមាសភាពទាំងអស់នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជាប្រកាសគាំទ្រយ៉ាងពេញទំហឹង និងប្ដេជ្ញាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជូន។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងសមាសភាពសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជានេះដែរ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានណែនាំនូវអនុសាសាន៍ជាច្រើន ដែលសុទ្ធតែផ្ដល់ភាពសំខាន់ក្នុងការចូលរួមអនុវត្តតាមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧។

លោកប្រធានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាសភាពសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍៥ចំណុច៖

១. ធ្វើអ្វីទាំងអស់ត្រូវតែមានផែនការត្រឹមត្រូវ ដាក់គោលនយោបាយ

២. ត្រូវចាប់ផ្ដើមជ្រើសរើសថ្នាក់ដឹកនាំ ដែលមានសមត្ថភាពគ្រប់គ្រាន់
៣. ត្រូវបណ្ដុះបណ្ដាលអ្នកដែលបានចាត់តាំងពីរបៀបរបប គោលនយោបាយ ផែនការដែលបានដាក់ចុះ
៤. ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយដល់គ្រប់ភាគីដែលពាក់ព័ន្ធឱ្យបានយល់កាន់តែច្បាស់
៥. ត្រូវមានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងទាំងទស្សនា គោលជំហរ និងសកម្មភាព។ ទិសដៅទាំង៥ចំណុចនេះ ត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួនជានិច្ច ហើយប្រសិនបើធ្វើបែបនេះហើយមិនងាយបរាជ័យនោះទេ។ លោកបានប្រៀបប្រដូចការរៀបចំនេះដូចជាការរៀបចំគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលយ៉ាងដូច្នេះដែរ។

លោក ឡី សុភាព បានបន្តថា ការងារដែលត្រូវដឹកនាំជាប្រចាំ គឺ៖ ទី១-ត្រូវដំឡើងផែនការ ទី២-ត្រូវមានការចាត់តាំង ទី៣-ត្រូវមានការត្រួតពិនិត្យ ទី៤-ដឹកនាំអនុវត្ត ទី៥-ត្រូវមានការវាយតម្លៃ។

ក្រៅពីនេះក៏ត្រូវអនុវត្តតាមស្មារតី «ផ្ដ៥» រួមមាន៖

១. ផ្ដុំ៖ ត្រូវចេះប្រមូលផ្ដុំគ្នាចងក្រងជាកម្លាំងជាដើម
២. ផ្ដើម៖ បន្ទាប់ពីប្រមូលផ្ដុំគ្នាហើយ ត្រូវចេះផ្ដើមធ្វើកិច្ចការណាមួយជាមួយគ្នា
៣. ផ្ដល់៖ ត្រូវចេះផ្ដល់យោបល់ ចែករំលែកគ្នាទៅវិញទៅមក និងផ្ដល់ប្រយោជន៍គ្នាទៅវិញទៅមក
៤. ផ្ដោះប្ដូរ៖ ត្រូវមានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក លើកជាគំនិតផ្ដោះប្ដូរ ឬសំណូមពរទៅវិញទៅមកដូចគ្នា។
៥. ផ្ដោត៖ ត្រូវមានការផ្ដោតទៅលើការងារណាដែលយើងបានដាក់ចេញផែនការ និងការអនុវត្ត។

លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានបន្តទៀតថា អ្នកនៅក្រោមឱវាទសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គឺទទួលបានការទទួលស្គាល់ពីរាជរដ្ឋាភិបាលថាជាសមាគមដែលធ្វើការងារស្របច្បាប់បម្រើឱ្យរាជរដ្ឋាភិបាល សង្គមជាតិ និងប្រជាជន ព្រមទាំងមានវិសាលភាពធំធេង ខណៈសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាមានដល់ទី១១វិស័យ និងគណៈកម្មការមួយចំនួនទៀត មានទាំងក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ ក្រុមការងារចុះជួយ ដូច្នេះរួមគ្នាត្រូវធ្វើការឱ្យដូចស្រមោច គឺធ្វើជាប់ជានិច្ច រក្សាចរិតតស៊ូ៕

Leave a Reply

Your email address will not be published. Required fields are marked *