សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិល ត្រូវបានប្រគល់ជូនសមាគម​សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា

(ភ្នំពេញ)៖ លោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានប្រគល់សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិល ជូនលោកឧកញ៉ាសមូលហកបណ្ឌិត ឡី សុភាព ប្រធានសមាគម​សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីចែកជូនបន្តដល់បណ្ដាយុវជនក្នុងសមាគម​សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា។

លោកឧកញ៉ាបណ្ឌិតបានលើកឡើងថា «អ្នកដែលបានកាន់សៀវភៅនេះ១ក្បាល​ នឹងបានដឹងអំពីទឹកចិត្ត និងមនោសញ្ចេតនាស្នេហាជាតិ និងប្រជាជនរបស់សម្តេចមហាបវធិបតីនាយករដ្ឋមន្ត្រី ថាតើសម្តេចបានលះបង់អ្វីខ្លះសម្រាប់ជាតិមាតុភូមិ ហើយនឹងមានសមត្ថភាពគ្រប់គ្រាន់​សម្រាប់ការដឹកនាំជាតិយ៉ាងណា គឺយើងមើលសៀវភៅនេះយើងនឹងដឹងពីវីរភាព និងសមត្ថភាពពេញលេញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត»

លោកប្រធានសមាគមរូបនេះ បានបញ្ជាក់ថា សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិល ១ក្បាលនេះ គឺមិនអាចកាត់តម្លៃបានទេ ព្រោះជាប្រវត្តិសាស្ត្រជាតិ និងប្រជាជនកម្ពុជា។

លោកឧកញ៉ាបណ្ឌិត ឡី សុភាព តែងតែគាំទ្រអ្នកដែលមានសមត្ថភាព ការស្រាវជ្រាវ ការរៀបចំនូវសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពលនេះ គឺសំខាន់ណាស់ បានន័យថា គាស់រម្លើងប្រវត្តិសាស្ត្រជាតិ និងគាំទ្រទៅដល់បញ្ញាវន្ត ឬអ្នកប្រាជ្ញ ដែលមានទឹកចិត្តនិងឆន្ទៈ និងអត់ធ្មត់​ សរសេរសៀវភៅនេះឡើង ព្រោះមិនមានច្រើនអ្នកទេ។

ការប្រគល់ និងទទួលសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល គឺជាសក្ខីភាពបង្ហាញ​ឲ្យឃើញពីការយកចិត្តទុកដាក់ និងការផ្សារភ្ជាប់មនោសញ្ចេតនាដ៏ជ្រាលជ្រៅ​របស់ថ្នាក់ដឹកនាំ ជាមួយវិនិយោគិន ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ទាក់ទងទៅនឹងការស្រាវជ្រាវ និងការសរសេរសៀវភៅនេះ លោកបានសរសេរសាកល្បងតាំងពីឆ្នាំ២០១៣ ដោយកាលនោះ ទើបតែចាប់ផ្តើមជាមួយចំណងជើង “កូនប្រុសច្បង” ទទេរ តែបន្ទាប់ពីធ្វើការស្រាវជ្រាវពីឆ្នាំ២០១៣ មកដល់ឥឡូវនេះ ក៏បានឃើញថា សម្តេចធិបតីមិនត្រឹមតែជាកូនប្រុសច្បងប៉ុណ្ណោះទេ តែសម្តេចគឺជាមនុស្សដ៏មានឥទ្ធិពល អញ្ជើងហើយបានជាលោកបំពេញបន្ថែមចំណងជើង “កូនប្រុសច្បងដ៏មានឥទ្ធិពល” នេះឡើងមក។

លោក ពៅ សុខ បានបញ្ជាក់ថា ការសរសេរសៀវភៅពេញលេញ លោកបានចំណាយពេល៨ខែ ជាមួយនឹងខ្លឹមសារជាង៤០០ទំព័រ។

ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតកម្ពុជា និងក្រុមការងារចងក្រងសៀវភៅនេះទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាផ្ទាល់ខ្លួនសម្រាប់កិច្ចខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវចងក្រងនូវសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពលនេះឡើង៕

 

Leave a Reply

Your email address will not be published. Required fields are marked *