គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានថ្នាក់កណ្តាល នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នឹងអនុវត្តការងារផ្តោតលើមុំធំៗ៣ គឺបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើនការងារ-មុខរបរ និងអភិវឌ្ឍអាជីវកម្ម-សេដ្ឋកិច្ចនៅមូលដ្ឋាន

(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត សាង អ៊ាប អនុប្រធានទី២ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ត្រូវបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានថ្នាក់កណ្តាល នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ហើយដែលគណៈកម្មការនេះផ្តោតលើមុំធំៗ៣ គឺការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើនការងារនិងមុខរបរដល់ពលរដ្ឋនៅមូលដ្ឋាន និងការអភិវឌ្ឍអាជីវកម្មនិងសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏មានការងារលើផ្នែកកសិកម្មនៅមូលដ្ឋានផងដែរ។

ពិធីប្រកាសតែងតាំងត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុន ក្រោមអធិបតីភាព លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា នៅទីស្នាក់ការសមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត សាង អ៊ាប តំណាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាដែលត្រូវបានប្រកាសចូលកាន់តំណែងសម្រាប់គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានថ្នាក់កណ្តាល បានឡើងប្រកាសប្តេជ្ញាចិត្តលើកស្ទួយការអភិវឌ្ឍចំណេះដឹង និងវិជ្ជាជីវៈក្នុងការវិនិយោគលើគ្រប់វិស័យនៅកម្ពុជាឱ្យរីកចម្រើន ក៏ដូចជាពង្រីកសមាជិក និងជំរុញឱ្យមានការចូលរួម វិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈដល់សមាជិក សមាជិកាឱ្យបានគ្រប់ៗគ្នា ពិសេសការពារផលប្រយោជន៍ និងភាពស្របច្បាប់របស់សមាជិក សមាជិកា វិនិយោគិន ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ក៏ដូចជាការកៀរគរវិនិយោគិនជាតិនិងអន្តរជាតិឱ្យចូលរួមវិនិយោគ លើគ្រប់វិស័យនៅកម្ពុជាឱ្យបានផុសផុលបន្ថែមទៀត ពិសេសគោរពតាមច្បាប់លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម និងឯកសារគតិយុត្តផ្សេងៗសម្រាប់ការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងខិតខំរួមសាមគ្គីគ្នាជាកម្លាំងធំ ដើម្បីការវិនិយោគ ការអភិវឌ្ឍនានា ដើម្បីបម្រើឱ្យប្រយោជន៍របស់ប្រជាជនជារួម។

ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានផ្តល់នូវអនុសាសន៍ជាច្រើនដល់ថ្នាក់ដឹកនាំជាគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានថ្នាក់កណ្តាល ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍របស់សមាគម ដោយធ្វើអ្វីៗទាំងអស់ត្រូវតែមានផែនការត្រឹមត្រូវ និងដាក់គោលនយោបាយឱ្យច្បាស់លាស់ ពិសេសត្រូវចាប់ផ្ដើមជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាពគ្រប់គ្រាន់ រៀបចំបណ្ដុះបណ្ដាលអ្នកដែលបានចាត់តាំងពីរបៀបរបប គោលនយោបាយ ផែនការ ដែលបានដាក់ចុះ ក៏ដូចជាធ្វើការអប់រំផ្សព្វផ្សាយដល់គ្រប់ភាគី ដែលពាក់ព័ន្ធឱ្យបានយល់កាន់តែច្បាស់ពីរបៀបរបការងារ និងចក្ខុវិស័យរបស់សមាគម ពិសេសសមាជិក សមាជិកាត្រូវមានវិន័យមានសាមគ្គី ឯកភាពផ្ទៃក្នុង ទាំងទស្សនៈ គោលជំហរ និងសកម្មភាព។

ជាងនេះទៀត លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានសង្កត់ធ្ងន់ដែរថា ការងារដែលត្រូវដឹកនាំជាប្រចាំ គឺ៖ ត្រូវដំឡើងផែនការ ត្រូវមានការចាត់តាំង ត្រូវមានការត្រួតពិនិត្យ ដឹកនាំអនុវត្ត និងតែត្រូវមានការវាយតម្លៃជាចាំបាច់។

សូមរំលឹកថា លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ក្នុងនាមជាប្រធាន ក្រុមប្រឹក្សាភិបាលនៃសមាគមនេះ និងតាងនាមគណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគីនកម្ពុជា និងអង្កការសមាគមវិស័យឯកជននៅកម្ពុជា បានបង្ហាញក្តីរំភើបរីករាយដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ចំពោះសមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា ហើយក៏បានណែនាំឱ្យមានការកែទម្រង់ ដោយឱ្យរៀបចំនូវសមាសភាពសម្រាប់អាណត្តិទី១ នៃក្រមប្រឹក្សានេះឱ្យមានរបៀបរបត្រឹមត្រូវ និងច្បាស់លាស់ជាមួយនឹងសមតុល្យ និងតុល្យភាពការងារ។ ខណៈក្បាលម៉ាស៊ីនសមាគមនេះមាន៩រូប  ដែលសុទ្ធតែជាបុគ្គលដែលមានស្នាដៃឆ្នើម និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំសមាគមឱ្យមានការរីកចម្រើន ហើយរាល់សកម្មភាពទាំងឡាយរបស់សមាគមសហព័ន្ធយុជនសេដ្ឋកិច្ចកម្ពុជា គឺត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលជារៀងរាលខែផងដែរ។ សមាសភាពក្រុមប្រឹក្សាភិបាលសមាគមចំនួន៩រូប ក្នុងនោះរួមមានលោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន លោកបណ្ឌិត ហ៊ុល រឿន ជាអនុប្រធានទី១ លោកឧកញ៉ាបណ្ឌិត សាង អ៊ាប អនុប្រធានទី២ និងមានសមាជិកចំនួន៦នាក់ ក្នុងនោះម្នាក់ជាស្ត្រី។ អ្វីដែលសំខាន់ ក្រុមប្រឹក្សាភិបាលសមាគមនេះនៅពេលប្រសូត្រចេញមកក្លាម គឺបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

Leave a Reply

Your email address will not be published. Required fields are marked *