សមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា ដែលចូលរួមអង្កេតការណ៍បោះឆ្នោត ចេញសេចក្តីថ្លែងការណ៍គាំទ្រដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

(ភ្នំពេញ)៖ សមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាពគ្នា ប្រកបដោយប្រជាធិបតេយ្យ តាមរយៈការបានបញ្ជូនសមាជិកចំនួន៣,៨៤៨នាក់់ ជាអ្នកសង្កេតការណ៍ជាតិសម្រាប់សង្កេតមើលការបោះឆ្នោតនៅរាជធានីភ្នំពេញ។

ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានបញ្ជូនសមាជិកចំនួន៣,៨៤៨នាក់់ មកពីសមាគមចំនួន១៦ ជាអ្នកសង្កេតការណ៍ជាតិសម្រាប់សង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់នៅទូទាំងរាជធានីភ្នំពេញ។ សមាគមទាំង១៦នេះ រួមមានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា សមាគមសហព័ន្ធ វិនិយោគិនកម្ពុជា សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា សមាគមអ្នកលក់ឱសថកម្ពុជា សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា សមាគមសម្ពន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា សមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា សមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា សមាគមសហព័ន្ធវេជ្ជសាស្រ្ដ ឱសថសាស្រ្ដ និងទន្តសាស្រ្ដកម្ពុជា សមាគមសហព័ន្ធសិប្បកម្ម ឧស្សាហកម្ម និងថាមពលកម្ពុជា សមាគមអាយវីអេហ្សកម្ពុជា សមាគមអ្នកផ្ដល់សេវាសុខភាពប្រជាជនកម្ពុជា សមាគមអ្នកលក់ផ្ទាល់នៅកម្ពុជា និងសមាគមសហព័ន្ធអាជីវករកម្ពុជា។

សូមជម្រាបថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ គ.ជ.ប បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនរូប រួមមាន៖ អ្នកសង្កេតការណ៍ជាតិមានចំនួនសរុប ៨៩,៥៦២រូប មកពី១៣៤សមាគម អ្នកសង្កេតការណ៍អន្តរជាតិមានចំនួនសរុប៦០៤រូប មកពី៦១ស្ថាប័ន។

បើតាមលទ្ធផលបឋមរបស់ គ.ជ.ប ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាកន្លងមកនេះ មានប្រជាពលរដ្ឋទូទាំងប្រទេសបានទៅបោះឆ្នោត៨,២១៣,២៦០នាក់ ស្មើនឹង៨៤.៥៨ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៩,៧១០,៦៥៥នាក់។

យោងទៅលើលទ្ធផលក្រៅផ្លូវ ការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យទី២៣កក្កដានេះ ចំនួនសន្លឹកឆ្នោតមិនបានការមានចំនួនជាង៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួនសន្លឹកឆ្នោតមិនបានការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួនរហូតដល់ ៥៩៤,៦៥៩សន្លឹក។ ដោយឡែក សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ច្រើនលើសលុប អាចគ្រប់គ្រង១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ដែលមាននៅរាជធានីភ្នំពេញ ១អាសនៈ, ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ។

ទាក់ទងនិងការបោះឆ្នោត ពិសេសការគូស ខ្វែងសន្លឹកឆ្នោតរបស់ជនអគតិ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព តំណាងសមាគមចំនួន១៦ សូមចូលរួមថ្កោលទោសដល់ក្រុមដែលមាននិន្នាការប្រឆាំង ពិសេសគឺទណ្ឌិត សម រង្ស៊ី អតីតមេបក្សប្រឆាំង និងបក្ខពួកនៅក្រៅប្រទេស ហើយបានញុះញង់ឲ្យប្រជាជនក្នុងប្រទេស ធ្វើសកម្មភាពខុសច្បាប់ ដូចជាការគូសខ្វែងសន្លឹកឆ្នោតចោលជាដើម ផ្ទុយទៅវិញ សកម្មភាពដែលក្រុមប្រឆាំងកំពុងតែធ្វើនោះ មិនត្រឹមតែពុំបានផលនោះទេ ថែមទាំងបានធ្វើឲ្យសន្លឹកឆ្នោតមិនបានការមានចំនួនថមថយចុះទៅវិញ នេះបើប្រៀបធៀបរវាងការបោះឆ្នោត នៅនីតិកាលទី៧នេះ ទៅនឹងការបោះឆ្នោតនៅនីតិកាលទី៦កន្លងទៅ។

ជាមួយនេះ សមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា ដែលមានសមាគមទាំង១៦ ជាចំណុះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះលទ្ធផល ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសបណ្ដោះអាសន្ន និងសូមចូលរួមអបអរយ៉ាងក្លៀវក្លាចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រយ៉ាងលើសលុប ក្នុងការបោះឆ្នោត នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ នេះសបញ្ជាក់ឲ្យឃើញថា ប្រជាជនកម្ពុជានៅតែគោរព ស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយចង់ឃើញ គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *